ឧកញ៉ា​ម៉ុង ឫទ្ធី ​ប្រាប់​អ្នក​ចង់​វិនិយោគ​ ខាង​ចិញ្ចឹម​សត្វ​ គួរ​សួរ​ចាស់​ៗ​នៅ​ទីនោះ​ថា ​កាល​ពី​១០​ឆ្នាំ​មុន​ ធ្លាប់​មាន​ទឹក​ជំនន់​ទេ!

ឆ្លង​កាត់​បទ​ពិសោធន៍​ ឬ​អាច​និយាយ​ថា​បាន​ជោគជ័យ​លើ​វិស័យ​ចិញ្ចឹម​សត្វ​រាប់​ឆ្នាំ​មក​នេះ លោក​ឧកញ៉ា ម៉ុង ឫទ្ធី​ បាន​ផ្ដល់​ដំបូន្មាន​ដល់​អ្នក​ដែល​ចង់​បោះ​ទុន​វិនិយោគ​លើ​វិស័យ​ចិញ្ចឹម​សត្វ​ថា "មុន​នឹង​សម្រេច​ចិត្ត​បោះ​ទុន​វិនិយោគ​ ត្រូវ​តែ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដី​ ដែល​គ្រោង​នឹង​បង្កើត​កសិដ្ឋាន​ជា​មុន​សិន ត្រូវ​សាកសួរ​ចាស់​ព្រឹទ្ធាចារ្យ​នៅ​ទីនោះ​ ថា​តើ​កាល​ពី​ដប់​ឆ្នាំ​មុន​ដែល​មាន​ទឹក​ជំនន់​លិច​ដែរ​ឬទេ ?” ។​

​ក្នុង​សំណេរ​របស់​លោក​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​សរសេរ​ដូច​នេះ គឺ​បន្ទាប់​ពី​កសិដ្ឋាន​​ចិញ្ចឹម​ជ្រូក​​នៅ​កណ្ដុរ​ដុំ របស់​លោក ចាន់ សុជាតិ ដែល​ជា​លោក​ចាត់​ទុក​ថា ជា​អ្នក​ផ្ដល់​ដំបូន្មាន​ល្អៗ​ជា​ច្រើន​ដល់​រូបលោក​​ បាន​កំពុង​តែ​លិចលង់​ដោយ​សារ​ទឹក​ជំនន់​។​​

​សំណេរ​ក្នុង​ហ្វេសប៊ុក ដែល​លោក​ចុះ​ផ្សាយ​មុន​នេះ​បន្តិច​បាន​សរសេរ​ថា "ខ្ញុំ​សុំ​ចូលរួម​ចំណែក​ផ្ដល់​មតិ​យោបល់​អោយ​ទៅ​ដល់​ប្រជាជន​យើង​ ដែល​មាន​បំណង​ចង់​ប្រកប​អាជីវកម្ម ទៅ​លើ​វិស័យ​ចិញ្ចឹម​សត្វ មុន​នឹង​សម្រេច​ចិត្ត​បោះ​ទុន​វិនិយោគ​ត្រូវ​តែ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ ដី​ដែល​គ្រោង​នឹង​បង្កើត​កសិដ្ឋាន​ជា​មុន​សិន ត្រូវ​សាកសួរ​ចាស់​ព្រឹទ្ធាចារ្យ​នៅ​ទីនោះ​ ថា​តើ​កាល​ពី​ដប់​ឆ្នាំ​មុន​ដែល​មាន​ទឹក​ជំនន់​លិច​ដែរ​ឬទេ ?”

លោក​បន្ត​ថា "បើ​គាត់​ឆ្លើយ​ថា​ធ្លាប់​លិច​កម្ពស់​ណា ​យើង​ត្រូវ​តែ​សាងសង់​អោយ​ខ្ពស់​ជា​នេះ​មួយ​ម៉ែត្រ តែ​បើ​អាច​ប្ដូរ​ទីតាំង​បាន​ជា​ការ​ល្អ​ យើង​មិន​ត្រូវ​បង្កើត​កសិដ្ឋាន នៅ​ជិត​ផ្លូវ​ឬ​ជិត​ភូមិ​ប្រជាជន​នោះ​ទេ​ បើ​មាន​ចម្ងាយ​មួយ​គីឡូម៉ែត្រ​ជា​ការ​ល្អ"។

ទាក់ទង​នឹង​ការ​ជន់​លិច​កសិដ្ឋាន​ខាង​លើ លោក​ឧកញ៉ា​បាន​ត្រឹមតែ ចូលរួម​សោកស្ដាយ​ និង​ថ្លែង​អំណរ​គុណ​ចំពោះ​ម្ចាស់​កសិដ្ឋាន​នេះ ហើយ​សង្ឃឹម​ថា​ទឹក​នឹង​ឆាប់​ស្រក៕

Related Articles

This Is The Oldest Page